កងទ័ព ត្រូវតែមានសមត្ថភាព មានវិន័យថ្លៃថ្នូរ និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីទប់ស្កាត់នូវសង្រ្គាមចិត្តសាស្ត្រ និងទប់ស្កាត់នូវបដិវត្តន៍ពណ៌គ្រប់ប្រភេទ
ចេញផ្សាយថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២
ដោយ៖ការិយាល័យនិពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ
www.ytn-news.asia
ខេត្តព្រះវិហារ៖លោកវរៈសេនីយ៍ឯក សន ញ៉ែមមេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៧ ទទួលបន្ទុកការងារអប់រំចិត្តសាស្ត្រ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានថ្លែងក្នុងពិធីផ្សព្វផ្សាយផែនការណែនាំការងារចាត់តាំងអនុវត្តការងារអប់រំចិត្តសាស្ត្រ នៅវរសេនាតូច៣៧២ នឹង៣៧៣ ការងារអប់រំចិត្តសាស្ត្រមានសារៈសំខាន់ណាស់ គឺធ្វើឲ្យនាយទាហាន នាយទាហានរង និងពលទាហានមានសមត្ថភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត ក្នុងការដឹកនាំអង្គភាពរបស់ខ្លួនឱ្យកាន់តែរីកចម្រើន និងស័ក្តិសមជាកម្លាំងឆ្អឹងខ្នងរបស់ប្រទេសជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមត្ថភាពការពារជាតិ។
លោកវរៈសេនីយ៍ឯក សន ញ៉ែមបន្តថា ដូច្នេះយើងត្រូវផ្សព្វផ្សាយអប់រំឲ្យបានទូលំទូលាយដល់យោធិន ដោយការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព។ ប្រសិនបើយោធិនទាំងអស់មានចំណេះដឹងទូទៅកាន់ច្រើន នឹងមិនងាយចាញ់ការឃោសនាពួកអគតិបានឡើយ។
លោកមេបញ្ជាការរងកងពល ក៏បានបញ្ជាក់ផងដែរថា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការការពារជាតិ ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម យោធិនត្រូវតែប្រកាន់ខ្ជាប់គោលជំហរស្មោះត្រង់នឹងរាជរដ្ឋាភិបាល ហើយទប់ស្កាត់ឲ្យបានចលនាបដិវត្តន៍ពណ៌ និងសង្គ្រាមចិត្តសាស្ត្រ ៕រាយការណ៍ដោយ៖ លោក ស៊ុន សារ៉ា