កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនក្មេងទំនើងប្រុស.ស្រី២៩នាក់ធ្វើការអប់រំណែនាំក្រោយក្មេងទំនើង១ក្រុមទៀតដេញកាប់រត់គេចអស់
ចេញផ្សាយថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤
ដោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិលមិញ ថ្ងៃនេះ
បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនក្មេងទំនើងប្រុស.ស្រី២៩នាក់ធ្វើការអប់រំណែនាំក្រោយក្មេងទំនើង១ក្រុមទៀតដេញកាប់រត់គេចអស់ដែលធ្វើការអប់រំនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ឱ្យដឹងថា៖ នៅរំលងអាធ្រាតុចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នៅចំណុចក្បែរកាស៊ីណូប៉ូលីភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានក្មេងទំនើង១ក្រុមជិះម៉ូតូ៥ទៅ៦គ្រឿងមានគ្នាជិត១០នាក់ ប្រដាប់ដោយកាំបិតដំបងបានជិះម៉ូតូដេញកាប់ ទៅលើយុវជន១ក្រុមទៀតដោយមិនទាន់ដឹងមូលហេតុ។ បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ភ្លាមនោះ លោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះអន្តរាគមន៍ឃាត់ខ្លួនក្មេងទំនើងចំនួន២៩នាក់ ក្នុងនោះមានស្រីចំនួន១នាក់ យកសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា៖ ក្រោយឃាត់ក្មេងទំនើង១ក្រុមចំនួន២៩នាក់នាំយកមក មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរបានប្រាប់ថា ពួកគេគឺជាអ្នករងគ្រោះដែលមានក្មេងទំនើង១ក្រុមទៀតជិៈម៉ូតូ៤ទៅ៥គ្រឿងមានគ្នាជិត១០នាក់ធ្វើសកម្មភាពដេញកាប់និងវ៉ៃពួកគេ ហើយពួកបានបើកម៉ូតូចូលហាងមួយកន្លែង រួចផ្តួលម៉ូតូចុះរត់គេចអោយអ្នកស្រុកជួយ តែរងការខូចខាតម៉ូតូ៣ទៅ៤គ្រឿង ត្រូវក្មេងទំនើងម្ខាងទៀតកាប់ខ្ទេច។ ក្រោយសាកសួរហើយបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាហើយប្រគល់ឲ្យសាច់ញាតិ ឬអាណាព្យាបាលមកទទួលយកទៅធ្វើការអប់រំបន្តឲ្យបញ្ឈប់រាល់ការប្រមូលផ្តុំបង្កភាពអាណាធិបតេយ្យ ដែលបង្កឲ្យអសន្តិសុខពេលយប់បើមានលើកក្រោយមានវិធានការតាមច្បាប់។ ចំណែកក្មេងទំនើងម្ខាងទៀតដែលដេញកាប់បង្កឲ្យខូចខាតម៉ូតូសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់។
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត បានធ្វើការកោតសរសើរដល់កងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ភ្លាម បានចុះអន្តរាគមន៍បង្ក្រាបភ្លាមៗបានទាន់ពេលវេលា ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋទាន់ហេតុការណ៍៕