ជនសង្ស័យពីរនាក់ ក្រោយធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបលុយរបស់ប្រជាពលរដ្ឋនៅតាមផ្លូវក្នុងក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖មុខសញ្ញាចោជិះម៉ូតូឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មពីរនាក់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត បញ្ជូនទៅតុលាការ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា៖ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវអស់រយៈពេល ពីរ ថ្ងៃទើបចាប់ខ្លួនជនសង្ស័យទាំងពីរនាក់បានសម្រេច។
លោកវរសេនីយ៍ឯក សៅ សារឿន បានប្រាប់ម្សិលមិញ ថ្ងៃនេះឲ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានចំនួន២នាក់៖
១/-ឈ្មោះ សួរ ភាក់ណា ហៅមេឃ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារ ហាក់ហួត ក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ / ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
២/-ឈ្មោះ លី មករា ហៅម៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ / ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ចំណែកជនរងគ្រោះឈ្មោះ អូន ចន្ទ្រា ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅភូមិ មិត្តភាព សង្កាត់ / ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នៅក្នុងកាបូបដែលចោលឆក់បានមាន ប្រាក់បាតចំនួន៣០០០លុយបាត(បីពាន់បាត) ប្រាក់រៀល ចំនួន៥០០០០រៀល(ប្រាំម៉ឺនរៀល) អត្តសញ្ញាណប័ណ្ណចំនួន០១សន្លឹក កាតចាក់ថ្នាំកូវីត១៩ ចំនួន១សន្លឹក ទូរស័ព្ទដៃម៉ាក អាយហ្វូន៨ ផ្លាស់ ពណ៌ស ចំនួន១គ្រឿង និងសម្ភារៈផ្សេងទៀត។
នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំងពីរនាក់ បានសារភាពថា៖ ពួកគេពិតជាបានធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបពីប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត ពិតប្រាកដមែន តែអ្នកដែលធ្វើសកម្មភាពគឺឈ្មោះនិច អាយុ១៧ឆ្នាំពេលនេះគេបានរត់គេចខ្លួនបាត់ហើយ។
បច្ចុប្បន្នក្រោយសួរនាំ ជនសង្ស័យទាំងពីរនាក់ និងម៉ូតូ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ដោយ លោក គឹម ឈន់