ប្រជាពលរដ្ឋចំនួន១៧០គ្រួសារ នៅស្រុកតាវែង ដែលរងគ្រោះដោយទឹកជំនន់ ទទួលស្បៀងអាហារ ជាអំណោយរបស់រាជរដ្ឋាភិបាល
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក .ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០២១
រតនគិរី៖ ឯកឧត្តម មួង ប៉ាង អភិបាលរងខេត្តតំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងទទួលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក នៅស្រុកតាវែងចំនួន១៧០គ្រួសារ។
នាឱកាសនោះ ឯកឧត្តម មួង ប៉ាង បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេតែងតែនឹករឭក និងគិតគូរ យកចិត្តទុកដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ពោលគឺទីណាមានពលរដ្ឋជួបទុក្ខលំបាក ទីនោះមានវត្តមានសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។
ឯកឧត្តម មួង ប៉ាង បានបញ្ជាក់ថារាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត និងអាជ្ញាធរខេត្ត-ស្រុក ក្នុងអំឡុងពេលដែលបងប្អូនកំពុងតែជួបការលំបាកនៅពេលនេះ ថ្នាក់ដឹកនាំខិតខំ ចុះសាកសួរសុខទុក្ខ បងប្អូនគ្រប់ទីកន្លែង ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ នៅតែត្រៀមចាំអន្តរាគមន៍ ជួយប្រជាពលរដ្ឋ គ្រប់ពេលវេលាជានិច្ច។
ឯកឧត្តមអភិបាលរងខេត្ត បានក្រើនរំឭកបន្ថែមដល់ប្រជាពលរដ្ឋ ឱ្យត្រូវចូលរួមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងប្រកបដោយអនាម័យខ្ពស់។ ម្យ៉ាងទៀត ក៏ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តវិធានសុវត្ថិភាព និងគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យបានល្អ។ ឯកឧត្តមក៏បានសំណូមពរ ដល់មាតាបិតា អាណាព្យាបាល សិស្សានុសិស្សទាំងអស់ ឱ្យចូលរួមការពារ ទប់ស្កាត់ការចែកចាយ និងជួញដូរគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួន យើងត្រូវចាត់ទុកថា បញ្ហា គ្រឿងញៀន គឺជាភារកិច្ចរបស់យើងទាំងអស់គ្នា ដែលត្រូវរួមគ្នាការពារ ទប់ស្កាត់មិនឱ្យមាននៅក្នុងភូមិ ក្នុងសហគមន៍យើង ដើម្បីគោរពតាមគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ហើយក៏សូមចូលរួម គោរពច្បាប់ចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិភាព ដាក់ខ្សែក្រវ៉ាត់ ហាមប្រើទូរស័ព្ទដៃ សេបគ្រឿងស្រវឹងក្នុងពេលបើកបរ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
សូមបញ្ជាក់ផងដែរថា អំណោយដែលនាំមកជូនប្រជាពលរដ្ឋចំនួន១៧០គ្រួសារ នៅស្រុកតាវែង នាឱកាសនេះ ក្នុង១គ្រួសារ ទទួលបានអង្ករ ២៥គីឡូ មី១កេស ត្រីខ១យួរ ឃីត១កញ្ចប់ និងអាវរងារជូនមនុស្សចាស់ម្នាក់១ផងដែរ៕ ដោយ៖ការិយាល័យនិពន្ធនាយក