កម្លាំងជំនាញ នៃការរិយាល័យប្រឆាំង គ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ
បង្ក្រាបបានគ្រឿងញៀនចំនួន១៨១ គីឡូ ៣៧០ក្រាម
ចេញផ្សាយថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២
រាជធានីភ្នំពេញ៖ដោយអនុវត្ត តាមបទបញ្ជា ជាប្រចាំ របស់ឯកឧត្តម ឧត្តមសេនីយ៍ ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការ នគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញ នៃការរិយាល័យប្រឆាំង គ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយ លោក ឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង និង លោកវរសេនីយ៍ទោ រុឹម មិច នាយការរិយាល័យ ប្រឆាំង គ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំស្រាវជ្រាវ រហូតឈាន ដល់ ការឃាត់ ខ្លួន ជនសង្ស័យ ម្នាក់ និង គ្រឿងញៀន សរុបចំនួន ១៨១គីឡូ និង ៣៧០ក្រាម
នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ១៩ និង ៤៥ នាទី កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបជាក់ស្តែង ករណី “ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០៣គោលដៅ ឃាត់ខ្លួនមនុស្សចំនួនម្នាក់ ជនជាតិវៀតណាម ក្នុងប្រតិបត្តិការនេះ ដកហូតគ្រឿងញៀនសរុបបានចំនួន១៨១គីឡូ ៣៧០ក្រាម ។
គោលដៅទី១: នៅចំណុចខុនដូ ជាន់ទី៣ ផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានឃាត់មនុស្ស ម្នាក់ឈ្មោះ Luu Tung Huy ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិវៀតណាម ចាប់យកវត្ថុតាងបានសារធាតុផ្សំចំនួន ៥១Kg និងរថយន្តចំនួន០១គ្រឿង។
គោលដៅទី២: នៅចំណុចខុនដូ រិស៊ីដែន១០៥ ជាន់ទី៣ បន្ទប់ R ៣០១ផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានឃាត់មនុស្សម្នាក់ជនជាតិវៀតណាម ។
គោលដៅទី៣: នៅចំណុចផ្ទះ២៨២ ផ្លូវ៤១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។ ដកហូតវត្ថុតាង: ១-គ្រឿងញៀនជាង១៣០Kg ។
ជនសង្ស័យ និងវត្ថុតាងជាគ្រឿងញៀន ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕ដោយ៖ការិយាល័យនិពន្ធនាយក