កម្លាំងចម្រុះចុះបង្ក្រាបឈើអារគ្រឿងផ្ទះ ជាច្រើនដែលឈ្មួញលាក់បំរុងដឹកយកទៅលក់
ចេញផ្សាយ
ថ្ងៃទី 07/12/2021
កម្លាំងចម្រុះចុះ បង្ក្រាបឈើអារគ្រឿងផ្ទះ ជាច្រើនដែលឈ្មួញលាក់បំរុងដឹកយកទៅលក់
ខេត្តព្រះវិហារ៖កម្លាំងចម្រុះចុះបង្ក្រាបឈើអារគ្រឿងផ្ទះ ជាច្រើនដែលឈ្មួញលាក់បំរុងដឹកយកទៅលក់
នៅវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី០៧ ខែឆ្នូ ឆ្នាំ២០២១នេះ សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបឈើអារជាគ្រឿងផ្ទះជាច្រើនមែត្រគិប ជាប្រភេទឈើ ឈើទាល ត្រាច ផ្ចឹក ដែលក្រុមឈ្មួញដឹកជញ្ជូនចេញពីព្រៃ យកមកលាក់ទុកនៅ ចំនុចភូមិគោក កាមែន ឃំុប្រមេរ ស្រុកត្បែងមានជ័យខេត្តព្រះវិហារ

ពាក់ព័ន្ធប្រតិបត្តិការខាងលើនេះលោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើខេត្តព្រះវិហារ សហការជាមួយកម្លាំងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដឹកនាំដោយលោក វង្ស វិសិដ្ឋ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ និងមានការចូលរួមសហការពីលោក សុង បញ្ញា ដោយមានការចូលរួមពីលោក សុខ មុន្នីរិទ្ឋ អភិបាលរងស្រុកត្បែងមានជ័យ កម្លាំងអាវុធហត្ថស្រុកត្បែងមានជ័យ កម្លាំងអធិការនគរបាលស្រុកត្បែងមានជ័យ ។
លោក នួន សុខុម បានអោយដឹងថា ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានក្រុមឈ្មួញដឹកឈើយកមកលាក់នៅចំនុចខាងលើ សមត្ថកិច្ចជំនាញបានសហការគ្នាចុះមកត្រួតពិនិត្យ និងធ្វើការបង្ក្រាបតែម្តង។
បច្ចុប្បន្ន វត្ថុតាងឈើគ្រឿងផ្ទះទាំងនេះត្រូវបានរឹបហូសដឹកជញ្ជូន យកទៅ រក្សាទុកនៅ ផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យរងចាំការវាស់វែងពីមន្ត្រីជំនាញ ផ្នែករដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី៕ដោយលោក សុ៊ន សារ៉ា
