ត្រាក់ទ័ររុញដី ជ្រុលចង្កូតធ្លាក់ចូលរណ្ដៅដី អ្នកបើក ស្លាប់ភ្លាម នៅនឹងកន្លែង
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២
ដោយការិយាល័យនិពន្ធនាយក
ខេត្តស្វាយរៀង៖ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុច ភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។
មានការភ្ញាក់ផ្អើលដល់ព្រះសង្ឃក៏ដូចជាប្រជាពលរដ្ឋខណៈដែលបុរសអ្នកបើកត្រាក់ទ័ររុញដីម្នាក់បានជ្រុលចង្កូតធ្លាក់ចូលរណ្ដៅដីដែលមានកម្ពស់ប្រមាណជាង៣ម៉ែត្រកន្លះបណ្ដាលឱ្យត្រាក់ទ័រក្រឡាប់ធ្លាក់សង្កត់លើអ្នកបើកស្លាប់ភ្លាមៗនៅនឹងកន្លែងគួរឱ្យសង្វេគបំផុតមិនអាចសង្គ្រោះបានឡើយ។
បុរសដែលស្លាប់មាន៖ឈ្មោះភិន ឃ្នី អាយុ៣៦ឆ្នាំ មុខរបរបើកត្រាក់ទ័ររុញដីរស់នៅភូមិត្រពាំងផ្អាវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។
មុនកើតហេតុមានត្រាក់ទ័រមួយគ្រឿងបានកាយនិងជីកយកដីដើម្បីទៅចាក់នៅវត្តបាក្រុងដូចសព្វដង។ ពេលកំពុងតែបើកសុខៗមិនដឹងជាយ៉ាងម៉េច ស្រាប់តែជ្រុលចង្កូតធ្លាក់ទៅក្នុងរណ្ដៅដីដែលមានកម្ពស់ប្រមាណជាង៣ម៉ែត្រកន្លះបណ្ដាលឱ្យត្រាក់ទ័រនោះសង្កត់ពីលើអ្នកបើកបរស្លាប់ភ្លាមៗនៅនឹងកន្លែងគួរឱ្យសង្វេគបំផុត។
សមត្ថកិច្ចបានមកដល់ធ្វើការពិនិត្យនិងប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុត៕